ព័ត៌មានជាតិ

មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤

ភ្នំពេញ៖ មហាជនមកពីគ្រប់ស្រទាប់វណ្ណៈ រួមមានថ្នាក់ដឹកនាំ សិស្ស និស្សិតមន្ត្រីរាជការ អាជីវករ និងអ្នកសារព័ត៌មានបានបង្ហាញការគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែល បានសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។

អ្នកដែលបានចូលរួមក្នុង “ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន”បានចាត់ទុកថា ព្រឹត្តិការណ៍នេះ បានជំរុញនូវទំនាក់ទំនងវប្បធម៌ មនោសញ្ចេតនាកាន់តែល្អប្រសើរឡើងថែមទៀតរវាងប្រជាជនប្រទេសទាំងពីរ។

កញ្ញាឆាយ ចន្ទសាវិដដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨នេះ ព្រោះជាការផ្លាស់ប្ដូរនូវវិស័យភាពយន្តនៃប្រទេសទាំងពីរជាពិសេសធ្វើឱ្យប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។

សំឡេង៖ « ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានចូលរួមកម្មវិធីបើកដំណើរភាពយន្តចល័តកម្ពុជាចិន លើកទី៨ ព្រោះមានរឿងល្អមើល បច្ចេកទេសថតល្អ កម្រិតរូបភាពច្បាស់ និងធ្វើឱ្យយើងទទួលបានបទពិសោធថ្មីៗ ។ ហើយនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរយើងផងដែរ ។ »

ជាមួយគ្នានេះលោកអ៊ួង ភារុណ ជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីចិនដែលបានបង្កើតព្រឹត្តិការចាក់បញ្ចាំងភាពយន្តនេះ ក្នុងន័យជួយដល់ការកម្សាន្តផង និងរឹតចំណងមិត្តភាពផង។

សំឡេង៖ « ខ្ញុំគិតថា ការផ្លាស់ប្ដូរវប្បធម៌តាមរយៈព្រឹត្តិការណ៍នេះ គឺល្អណាស់ ព្រោះបាននាយករឿងល្អៗពីប្រទេសចិនមកចាក់បញ្ចាំងនៅទូរទាំងប្រទេសឱ្យប្រជាពលរដ្ឋយើងបានទស្សនាដោយសេរី។ ជាមួយគ្នានេះភាពយន្តខ្មែរយើងឥឡូវក៏មានការរីកចម្រើនផងដែរក្នុងសម័យថ្មីនេះ» ។

កញ្ញារិទ្ធ ពិសី ជាសមាជិក នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ចាត់ទុកថា កម្មវិធីនេះ បានផ្តល់នូវការទស្សនាភាពយន្តចិន និងខ្មែរដ៏សម្បូរបែប និងបានជំរុញឱ្យមិត្តភាពកម្ពុជាចិនកាន់តែជិតស្និទ្ធថែមទៀត។

សំឡេង៖ « សម្រាប់កម្មវិធីនេះគឺល្អសម្រាប់ប្រទេសយើងទាំងពីរក្នុងការផ្លាស់ប្ដូរនូវវប្បធម៌គ្នាទៅវិញទៅមក »

ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ចាប់ផ្ដើមរៀបចំធ្វើតាំងពីឆ្នាំ២០១៦មក ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិនដែលសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និង នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់២៥ខេត្តក្រុងរាជធានី ទូទាំងប្រទេសកម្ពុជា ដោយបាននាំមកនូវភាពយន្តកម្ពុជាចិនដ៏ឆ្នើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកចាក់បញ្ចាំងជូនប្រជាពលរដ្ឋជាង១សែននាក់ក្នុងភូមិស្រុកទូទាំងប្រទេសកម្ពុជា បានទស្សនា។

ក្រោយពីដំណើរភាពយន្តចល័តនេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិការួចហើយនោះ ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន នឹងបន្តដំណើរចាក់បញ្ចាំងភាពយន្តចល័តនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង ខេត្តកណ្ដាល ចាប់ពីពាក់កណ្តាលខែវិច្ឆិការហូត ដល់ពាក់កណ្ដាលខែធ្នូ ដោយមានភាពយន្តខ្មែរ និភាពយន្តចិន ដូចជា រឿង”ជីវិតលើភ្លើង” រឿង”ខ្ញុំមិនមែនជាអ្នកស្នងមរតកទេ” និង រឿង”លោកប្ដី”ជាដើម៕

Leave a Reply

Your email address will not be published.