រយៈពេល ៦ថ្ងៃដែលរាជរដ្ឋាភិបាលផ្ដល់រថយន្តក្រុងជិះដោយមិនបង់ប្រាក់ទៅមកតាមបណ្ដាខេត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ មានពលរដ្ឋជាង ៧ម៉ឺននាក់បានទទួលសេវានេះ។
លោកស្រី ដោ សម្ផស្ស នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះថា រយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧១.៣៦០នាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តខេត្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ប្រកបដោយផាសុកភាព សុវត្ថិភាព និងរីករាយ។
លោកស្រី ដោ សម្ផស្ស បន្ថែមថា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់ ជួយសម្រាលបន្ទុកចំណាយលើការធ្វើដំណើរបានយ៉ាងច្រើន។
គួររំលឹកថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេស មានរយៈពល៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង និងមានផ្ដល់ភេសជ្ជៈ ទឹកបរិសុទ្ធជូនប្រជាពលរដ្ឋពេលឡើងជិះរថយន្តក្រុងផងដែរ៕