ព័ត៌មានជាតិ

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នៅរាជបណ្ឌិត្យភាកម្ពុជាបានរៀបចំកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ជាមួយនឹងប្រធានបទ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា ។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា   យុវជន គឺជាសសរទ្រូង  ជាឆ្អឹងខ្នង ជាចលករសម្រាប់រុញនាវាកម្ពុជា-ចិនឱ្យទៅមុខ ដូច្នេះហើយយុវជន ត្រូវតែខំរៀនទាំងប្រវត្តិសាស្ត្រ វប្បធម៌ ភាសាវាងប្រទេសទាំងពីរឱ្យបានស៊ីជម្រៅដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា  កម្ពុជា-ចិនជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ចូលរួមសកម្មផ្សេងៗជាមួយគ្នាឱ្យបានច្រើនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-ចិន ហើយត្រូវដឹងពីអត្ថប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ ចូលរួមជាមួយគ្នាតាមរយៈវេទិកាកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយពីគ្នាឱ្យបានទូលំទូលាយ ។

សំឡេង៖ « ទំនាក់ទំនងកម្ពុជា-ចិនមកដល់ថ្ងៃនេះ បានផ្តល់ឱកាសដល់កម្ពុជាយើងឱ្យមានភាពរឹងមាំ មានឯករាជ្យ អធិបតេយ្យ ហើយម្ចាស់ការក្នុងការអភិវឌ្ឍ ហើយមិត្តចិនមិនមកណែនាំយើងថាធ្វើយ៉ាងម៉ិចទេ! ចិនបានស្វែងយល់ពីយើង ហើយជួយគ្នា។ ខ្ញុំសង្ឃឹមថា យុវជនជាអ្នកបន្តវេន នឹងបន្តថែរក្សា ពង្រឹងពង្រីក នូវទំនាក់ទំនងប្រទេសយើងទាំងពីរដូចអ្វីដែលសម្តេចតា និងសម្តេចតេជោចាប់ផ្តើម  ហើយដូចអ្វី ដែលសម្តេចធិបតីកំពុងតែអនុវត្តន៍ ដូច្នេះ យើងទាំងអស់គ្នាត្រូវបន្តចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា ចិននេះឱ្យបានគង់វង្ស»

យុវជនកម្ពុជាចំនួន៣រូបដែលបានចូលរួមកម្មវិធីនេះ  គឺកញ្ញា ធូន ស្រីពៅ  កញ្ញា ជាម ហ្គិចឈុង និងកញ្ញាយូ គឹមសេងបានវាយតម្លៃខ្ពស់ហើយចាត់ទុកថា មានប្រយោជន៍ជាច្រើនដូចជាការទទួលបានចំណេះដឹងស្តីពីចំណងមិត្តភាពរវាងកម្ពុជា-ចិន។

សំឡេង៖«ពេលខ្ញុំបានស្តាប់វាគ្មិនធ្វើឱ្យខ្ញុំមានការអភិវឌ្ឍខ្លួនឯង  បណ្តុះគំនិតជួយរួបរួមប្រទេសយើងឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។ ខ្ញុំពិតជាសប្បាយរីករាយមែនទែន យើងបានដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងកម្ពុជា-ចិន។ ខ្ញុំដឹងជាយុវជនត្រូវត្រៀមខ្លួនបែបណា? ដើម្បីធ្វើឱ្យចំណងមិត្តភាពប្រទេសយើងទាំងពីរហ្នឹងបានរឹងមាំស្ថិតស្ថេរ។ ចំពោះកម្មវិធីថ្ងៃហ្នឹង ពិតជាមានអត្ថប្រយោជន៍មែនទែន ជាពិសេសសម្រាប់សិស្សនិស្សិត »។

សូមបញ្ជាក់ថា ប្រទេសចិននិងកម្ពុជាចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ មិត្តភាពជាប្រពៃណីរវាងប្រទេសយើងទាំងពីរ ត្រូវបានត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ។ បច្ចុប្បន្ននេះ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា លើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់និងអន្តរជាតិជាដើម៕

Leave a Reply

Your email address will not be published.