លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តម VLADIMIR ILYICHEV អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-រុស្ស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។