ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុតក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិនពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែងដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយនូវបញ្ហាលំបាកខាងធ្វើចរាចរណ៍។
តែមប្រៃសណីយ៍ចាស់ៗមួយឈុតដែលចេញនៅឆ្នាំ១៩៥៨បានបង្ហាញពីវិស័យដែលចិនអនុវត្តផែនការប្រាំឆ្នាំទីមួយពោលគឺ៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មកសិកម្ម គមនាគមន៍និងដឹកជញ្ជូន។ គំរូដែលតំណាងឱ្យលទ្ធផលជោគជ័យនៃគមនាគមន៍គឺស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហានដែលមានរថភ្លើងនិងយានយន្តបរទៅមកលើស្ពាន ខណៈនាវាដឹកទំនិញបរឆ្លងកាត់នៅក្រោមស្ពាន។
ហេតុអ្វីបានជាជនជាតិចិនហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី» ? ចាប់ពីខែតុលា ឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីស្ពានឆ្លងទន្លេយង់ហ្សេដំបូងបង្អស់ ចាំបាច់ត្រូវលើកឡើងពីបទពិសោធន៍ចិននៅពីក្រោយការសាងសង់នេះ ពោលគឺ ៖ ផែនការប្រាំឆ្នាំ។
ពេលប្រទេសចិនថ្មីបង្កើតឡើង ត្រូវបានប្រទេសលោកខាងលិចកាត់ផ្ដាច់ទំនាក់ទំនង សេដ្ឋកិច្ច និងឧស្សាហកម្មទន់ខ្សោយយ៉ាងខ្លាំង។ ការអនុវត្តផែនការប្រាំឆ្នាំទីមួយ បានធ្វើឱ្យចិនថ្មីអាចបង្កើតស្ថាប័នឧស្សាហកម្មផលិតយន្តហោះ រថយន្ត ម៉ាស៊ីនធុនធ្ងន់ដែលមិនធ្លាប់មានពីមុនមកយ៉ាងឆាប់រហ័ស ខណៈតំបន់ភាគកណ្តាលចិនដែលទីក្រុងអ៊ូហានស្ថិតនៅ អាចបង្កើតសហគ្រាសមួយចំនួនធំក្នុងការផលិតដែកថែប ធ្យូងថ្ម កម្លាំងអគ្គីសនីជាដើម ដែលបានក្លាយជាទម្រង់មូលដ្ឋាននៃឧស្សាហកម្មរបស់ប្រទេសចិន។
រឿងគួឱ្យចាប់អារម្មណ៍មួយគឺ ស្ពានដែលត្រូវបានកត់ត្រាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មីមានបីខ្សែ ៖ ស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហាន ស្ពានទន្លេយ៉ងហ្សេក្រុងណានជីង និងស្ពានហុងកុង-ជូហៃ-ម៉ាកាវ។ ស្ពានធំៗទាំង៣នេះ ជាសមិទ្ធផលផ្លែផ្កានៃផែនការប្រាំឆ្នាំអំឡុងពេលខុសគ្នា ជាពិសេសស្ពានហុងកុង-ជូហៃ-ម៉ាកាវ ជាស្ពានឆ្លងសមុទ្រដែលវែងជាងគេបំផុតលើពិភពលោក ហើយវាត្រូវបានសាងសង់ជាឯករាជ្យដោយប្រទេសចិន។ រយៈពេល៧៥ឆ្នាំកន្លងផុតទៅ ប្រទេសចិនបានតាក់តែងនិងអនុវត្តផែនការប្រាំឆ្នាំចំនួន ១៤ លើក ដែលបានជំរុញឱ្យសេដ្ឋកិច្ចជាតិបន្តកើនឡើងជាប់រហូតក្នុងល្បឿនលឿននិងប្រកបដោយស្ថិរភាព ចំណែកជីវភាពរស់នៅរបស់ប្រជាជនចិនក៏ត្រូវបានលើកស្ទួយដល់កម្រិតខ្ពស់ថ្មីជារៀងរាល់២ឬ៣ឆ្នាំម្ដង។
សុភាសិតបុរាណចិនពោលថា៖ « គ្រប់កិច្ចការគួរតែគិតគូរទុកជាមុនទើបបានសម្រេច បើមិនគិតគូរទុកជាមុនច្បាស់ជាអសារបង់ » ។ ផែនការប្រាំឆ្នាំជាមធ្យោបាយធ្វើអភិបាលកិច្ចដ៏សំខាន់មួយនៃបក្សកុម្មុយនីស្តចិន ដោយផ្អែកលើមូលដ្ឋានស្ទង់មតិនិងការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅពីគ្រប់វិស័យ ហើយតែងតាក់ជាផែនការតាមដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រៀបចំយុទ្ធសាស្ត្រ ណែនាំរដ្ឋបាលគ្រប់ជាន់ថ្នាក់អនុវត្តជាក់ស្តែងតាមផែនការជាបន្ទាប់ ។
ផែនការប្រាំឆ្នាំរបស់ប្រទេសចិន ផ្តោតលើប្រធានបទតែមួយគឺ ដើម្បីកសាងប្រទេសបែបទំនើបកម្ម។ ដូចសម្តីប្រសាសន៍របស់លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានបញ្ជាក់ ៖ យើងនឹងបន្តធ្វើទំនើបកម្មតាមបែបផែនចិនឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយដោយឈរលើការអភិវឌ្ឍដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះជាមួយពិភពលោក ដើម្បីឱ្យលទ្ធផលនៃការធ្វើទំនើបកម្មផ្តល់ផលប្រយោជន៍កាន់តែច្រើន កាន់តែយុត្តិធម៌ចំពោះប្រជាជនទាំងមូល ៕