នៅថ្ងៃសុក្រ ២កើត ខែស្រាពណ៏ ឆ្នាំថោះ បព្ចាស័ក២៥៦៧
ថ្ងៃសុក្រ ទី18 ខែសីហា ឆ្នាំ2023
សៀមរាប៖ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើយក្នុងទីតាំង ២ផ្សេងគ្នា ខណៈឧក្រិដ្ឋជន ៤នាក់ឃាត់បាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅខណ្ឌបឹងកេងកង និងចំនួន២នាក់ទៀត បង្ក្រាបបាននៅព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារធំមួយកន្លែង នៅក្បែរកោះពេជ្រ។
ឧក្រិដ្ឋជនចំនួន ៦នាក់ ដែលធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចតាមប្រមាញ់បានមកវិញហើយ ខណៈអ្នកទោសកំពុងស្វែងរកបន្តយ៉ាងយកចិត្តទុកដាក់។
សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ ពិរុទ្ធជនមានឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិន ត្រូវជាប់ទោសជាប់ពន្ធនាគារ ៥០ឆ្នាំពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានឧក្រិដ្ឋជនជាច្រើននាក់ ស្លៀកឈុតខ្មៅ និងស្រោមមុខ បានសម្រុកចូលគ្លីនិកធ្មេញមួយកន្លែងក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ខណៈដែលមន្ត្រីពន្ធនាគារចំនួន៤នាក់ កំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ និងបានប្រើខ្សែរូតចងដៃមន្ត្រីពន្ធនាគារថែមទៀត រួចជនសង្ស័យបានចូលទៅរំដោះអ្នកទោសទៅបាត់តែម្តង។
ក្រោយរំដោះអ្នកទោសបានសម្រេច ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល រួចយកទៅប្លុងចោលក្នុងទីតាំងដីឡូតិ៍មួយកន្លែង ដោយបន្សល់កាំភ្លើង ៥ដើម និងសម្ភារៈធ្វើសកម្មភាពមួយចំនួនទៀតផងដែរ។
ជុំវិញករណីនេះ បើតាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន មេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់៕