ព័ត៌មានជាតិ

កម្ពុជា និងចិនផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី»

ភ្នំពេញ៖ កម្ពុជា-ចិនបានរួមគ្នារៀបចំពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី» កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំង មន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវជាបញ្ញវន្ត យុវជន និងភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ។

បើតាម ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា សៀវភៅ ដែលមានកម្រាស់ជាង១៣០ទំព័រ និង១២ជំពូក មួយនេះ គឺជាផ្លែផ្កាដំបូង នៃការស្រាវជ្រាវរួមគ្នា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងវិទ្យាស្ថានចិន ជំរុញការផ្លាស់ប្តូរនិងការស្រាវជ្រាវអំពីទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំង រួមចំណែកផ្លាស់ប្តូរស្មារតីនៃការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្តមថា សៀវភៅនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង រវាងកម្ពុជានិងចិន ស្របពេលដែលប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ស្នាដៃស្រាវជ្រាវមានក្នុងសៀវភៅនេះបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលប្រទេសទាំងពីររួមគ្នាសម្រេចបាន ក្នុងរយៈពេល៣ទសវត្សរ៍ កន្លងមកនេះ ព្រមទាំងបានគូររំលេចនូវការខិតខំប្រឹងប្រែងរួមនៃការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ដែលកំពុងបន្តបង្កើតសមិទ្ធផលផ្លែផ្កា យ៉ាងត្រចះត្រចង់ បង្ហាញពីតម្លៃនិងគោលបំណងរួម ដែលប្រទេសទាំងពីរបានឯកភាព ក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកអនាគតដ៏មានសក្តានុពល សម្រាប់ទាំងអស់គ្នា។

ឯកឧត្តម Wang Webin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍រម្លឹកថា ប្រធានរដ្ឋចិន លោក Xi Jinping បានលើកឡើងអំពីការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ ជាលើកដំបូង កាលពីឆ្នាំ២០១៣។ ក្នុងរយៈពេល១១ឆ្នាំ កន្លងមកនេះ ការកសាងសហគមន៍នេះ បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយក៏មានចែងនៅក្នុងឯកសារនៃអង្គការសហប្រជាជាតិ ទទួលបានការគាំទ្រ និងឆ្លើយតបកាន់តែទូលំទូលាយ។

យ៉ាងណាមិញ ឯកឧត្តមបានគូសបញ្ជាក់ថា ការកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន បានក្លាយជាគំរូ ឈានមុខគេ សម្រាប់មនុស្សជាតិ។ ក្នុងនោះ កាលពីឆ្នាំ២០១៩ ចិននិងកម្ពុជាបានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការកសាងគមន៍វាសនារួមជាលើកដំបូង ក្នុងពិភពលោក។ ក្រោយមក នៅឆ្នាំ២០២៣ ចិននិងកម្ពុជាក៏បានចុះហត្ថលេខា លើផែនការសកម្មភាពស្តីពីការការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី ថែមទៀត។

ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមសូមអបអរសាទរដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួម កម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី»នេះ។ ឯកឧត្តមក៏បានស្នើដល់យុវជនកម្ពុជារាប់សិបនាក់ ដែលបានចូលរួមកម្មវិធីនេះ ស្វែងយល់អំពីចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ។

ក្រុមយុវជនដែលបានចូលរួមបានប្រាប់ពីចំណាប់អារម្មណ៍ខ្ពស់ លើការកសាងសហគមន៍វាសនារួម រវាងប្រទេសទំាំងពីរ ដោយបានប្តេជ្ញាចិត្តថា នឹងខិតខំថែរក្សាទំនាក់ទំនង និងស្រាវជ្រាវបន្ថែមទៀត អំពីកិច្ចសហប្រតិបត្តិការនានានៃប្រទេសទាំងពីរ។

ឯកឧត្តម វង្សី វិសុទ្ធ បានមានប្រសាសន៍ដែរថា ពាក្យថាសហគមន៍ជោគវាសនារួម មានន័យថា ប្រទេសទាំងពីរត្រូវជួយគ្នា ឲ្យរីកចម្រើនទាំងអស់គ្នា និងជួយការពារគ្នាទៅវិញទៅមក។ ឯកឧត្តមបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី គឺជាសក្ខីភាពថ្មីមួយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ដែលបានបង្ហាញអំពីទំនាក់ទំនងជាប្រវត្ថិសាស្ត្រ សេដ្ឋកិច្ច សន្តិសុខ កាទូត ប្រជាជននិងប្រជាជន ក្នុងយុគសម័យថ្មី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងលើកទឹកចិត្តដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល បន្តកិច្ចសហការស្រាវជ្រាវបន្ថែមទៀត ជាមួយនឹងភាគីចិន ផងដែរ៕

Leave a Reply

Your email address will not be published.