ព័ត៌មានជាតិ

សម្ដេចធិបតី៖ ប្រព័ន្ធស្រោចស្រពជាច្រើន កំពុងត្រូវបានកសាងនៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការពលរដ្ឋ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងកសាងនូវប្រព័ន្ធធារាសាស្ត្រធំៗបន្ថែមទៀត នៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ ទាំងសម្រាប់ការស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ ។   ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយទឹក គឺមានសារសំខាន់ណាស់ ។ ការកសាងទំនប់ ប្រឡាយ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រ តូចធំនានា ដើម្បីដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋ កំពុងត្រូវបានជំរុញធ្វើជាច្រើនកន្លែងទៀត ។   សម្ដេចធិបតី បានបន្តថា ក្នុងចំណោមប្រព័ន្ធធារាសាស្ត្រ ដែលកំពុងត្រូវបានសាងសង់បច្ចុប្បន្ននេះ មាន អាងស្ដុកទឹកធំៗចំនួន២ គឺទំនប់ស្ទឹងដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលអាចស្ដុកទឹកបានជាង ១៦៣លានម៉ែត្រគីប ចំណាយថវិកាជាង៨៥លានដុល្លារ និងទំនប់ដងកាំបិត ក្នុងខេត្តកំពង់ធំ ចំណាយជាង១៦៦លានដុល្លារ […]